ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ្វូ៊ដ (ខេមបូឌា) (Aprati Foods (Cambodia) Ltd) ទទួលបានស្តង់ដាសុវត្ថិភាពម្ហូបអាហារអន្តរជាតិពិភពលោក BRC ចំណាត់ថ្នាក់ AA

(ភ្នំពេញ)៖ ក្រុមហ៊ុន អេប្រាធីហ្វូ៊ដ (ខេមបូឌា) (Aprati Foods (Cambodia) Ltd) ជាក្រុមហ៊ុនផលិតស្ករគ្រាប់ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមមកពីសហរដ្ឋអាមេរិក បានទទួលស្តង់ដាសុវត្ថិភាពម្ហូបអាហារអន្តរជាតិ BRC ចំណាត់ថ្នាក់ AA នៅពេលថ្មីៗនេះ។ ក្រុមហ៊ុនបានទទួលស្តង់ដាជាច្រើនទៀតដូចជា ស្តង់ដាអនាម័យចំណីអាហារ GMP, ស្តង់ដាសុវត្ថិភាពចំណីអាហារ HACCP, និងស្តង់ដាគណនេយ្យភាពសង្គម SA8000 ក្រោយដំណើរការផលិតអស់រយៈពេលជិតបីឆ្នាំ។

យោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន គ្រប់ផលិតផលស្ករគ្រាប់ដែលបានផលិតចេញមកត្រូវបានឆ្លងកាត់ការ​ស្រាវជ្រាវ និងការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែ  ពាក់ព័ន្ធទៅនឹងរសជាតិ វត្ថុធាតុដើម ការស្រាវជ្រាវទីផ្សារ និងគុណភាពក្នុងការរក្សាទុក​ ដែលសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរ ដោយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការបរិភោគនិងចំណង់ចំណូលចិត្តក្នុងការទទួលទានប្រកបដោយសុវត្ថិភាព។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនបានចេញលក់នូវស្ករគ្រាប់ជាច្រើនមុខរួចមកហើយមានដូចជា ស្ករគ្រាប់ម៉ូកាទី​ រសជាតិកាហ្វេអេសស្រ្ពេសូ​ (Espresso) រសជាតិកាហ្វេការ៉ាម៉េល (Caramel) និង ម៉ូកាមីន (Mochamint)។ បន្ថែមលើនេះទៀតក៏មានស្ករគ្រាប់ប្រភេទហឹរត្រជាក់អេប្រាធី រសជាតិជីរអង្កាម (Mint) រសជាតិម៉ុងតុល (Menthol) និងរសជាតិស៊ុបភើម៉ុងតុល (Super Menthol) ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ សម្រាប់ខែក្រោយក្រុមហ៊ុននឹងចេញលក់ស្ករគ្រាប់រសជាតិជូរ ដែលសុទ្ធសឹងជាផ្លែឈើនៅក្នុងតំបន់មានដូចជា រសជាតិផ្លែព្រីង រសជាតិស្វាយខ្ចីអំបិល និងរសជាតិអំពិលម្ទេស​ យ៉ាងគួរឲ្យចាប់អារម្មណ៏បំផុត។

បើតាមការបញ្ជាក់របស់លោក Aaron Johnson ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន អេប្រាធីហ្វូ៊ដ (ខេមបូឌា) បានមានប្រសាសន៍ថា បទពិសោធន៍ដ៏រីករាយរបស់អ្នកញ៉ាំ (Happy Consumer Experiences) គឺជាអ្វីដែលក្រុមហ៊ុនចង់បាន។ ដូច្នេះអ្វីដែលត្រូវពង្រឹងមុនគេបំផុតនោះ គឺគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រោះថា ការទទួលទានស្ករគ្រាប់ដែលមានស្តង់ដាច្បាស់លាស់ គឺធ្វើអោយយើងមានទំនុកចិត្តខ្ពស់ក្នុងការទទួលទាន។ យើងនិងក្រុមការងារប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវស្ករគ្រាប់ដែលមានគុណភាពល្អបំផុតសម្រាប់អ្នកដែលទទួលទាន ហើយវាក៏ជាមោទនភាពមួយដែលក្រុមហ៊ុនបានទទួលស្តង់ដារម្ហូបអាហារអន្តរជាតិ BRC ចំណាត់ថ្នាក់ AA នេះ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏មានគម្រោងនឹងយកស្តង់ដាបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន ព្រោះថាក្រុមហ៊ុនមិនត្រឹមតែលក់ស្ករគ្រាប់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅសហរដ្ឋអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារអាស៊ានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះអ្នកដែលមិនបានភ្លក់គួរតែសាកល្បង នូវរសជាតិដ៏ពិសេស របស់ស្ករគ្រាប់ដែលផលិតដោយ ក្រុមហ៊ុនអេប្រាធីហ្វូ៊ដ ដើម្បីលើកស្ទួយដល់ផលិតផលក្នុងស្រុកដែលផលិតតាមបែបស្តង់ដាម្ហូបអាហារអន្តរជាតិនេះ។